សូរ សុវណ្ណារិទ្ធ
អគ្គនាយករដ្ឋាករទឹកសាធារណៈមណ្ឌលគិរី

សាររបស់អគ្គនាយក

ក្នុងនាមជាអគ្គនាយក ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលទស្សនាគេហទំព័រនេះ។ រដ្ឋាករទឹកសាធារណៈមណ្ឌលគិរី មានបេសកកម្មអភិវឌ្ឍន៍ និងផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ប្រកបដោយគុណភាព សុវត្ថិភាព និរន្តភាព និងថ្លៃសមរម្យ។ ក្នុងបរិការណ៍ និងកាលានុវត្តភាពនៃសន្ទុះការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ន យើងបានយល់ច្បាស់ពីសារៈសំខាន់ និងតម្រូវការទឹកស្អាតដែលនឹងដើរតួនាទីជាកំលាំងចលករណ៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យនានា និងទាក់ទាញការវិនិយោគដ៏សម្បូរបែប។ ក្នុងន័យនេះ រដ្ឋាករទឹកសាធារណៈមណ្ឌលគិរីដែលជាសេនាធិការឱ្យក្រសួង ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យច្បាស់លាស់របស់ ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមនឹងការតម្រង់ទិសពីក្រុមប្រឹក្សាភិបាល យើងបានត្រៀមខ្លួនជាស្រេចក្នុងការពង្រីកទំនាក់ទំនង និងចូលរួមកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការបង្កើតសមិទ្ធិផលថ្មីៗ ព្រមទាំងលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី។ គេហទំព័រនេះនឹងក្លាយជាវេទិកាសម្រាប់ចែករំលែកព័តមានសំខាន់ៗ អំពីផែនការអភិវឌ្ឍន៍ការ ផ្តត់ផ្គង់ទឹកស្អាត និងសកម្មភាពផ្តល់សេវារបស់យើង។ រដ្ឋាករទឹកសាធារណៈមណ្ឌលគិរី នឹងបុរេសកម្មក្នុងការ ពង្រឹងសមត្ថភាព និងឆ្លើយតបនូវរាល់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលកំណត់ថាត្រឹមឆ្នាំ២០៣០ ប្រជាជនទូទាំងពិភពលោកនឹងទទួលបានសមធម៌នូវទឹកស្អាតដែលមានសុវត្ថិភាព និងតម្លៃសមរម្យ។ សូមអរគុណចំពោះការចូលទស្សនាគេហទំព័រ។ ខ្ញុំសូមលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម និងគាំទ្រការអភិវឌ្ឍន៍វិស័យទឹកស្អាតក្នុងខេត្តមណ្ឌលគិរី ដោយឈរលើទិសដៅ “ទឹកស្អាត ដើម្បីទាំងអស់គ្នា” និង “ទឹកស្អាត ដើម្បីសុខុមាលភាព និងការអភិវឌ្ឍន៍ដោយចីរភាព” ។